
បច្ចុប្បន្ន ការធ្វើសេចក្តីសម្រេចចិត្តជាក្រុមនៅក្នុងស្ថាប័ន បានកើតឡើងជាញឹកញាប់ ជាជាងការធ្វើសេចក្តីសម្រេចចិត្តជាបុគ្គល។ ឧទាហរណ៍ ដូចជាការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយក ក្រុមការងារយុទ្ធសាស្ត្រម៉ាឃីតធីង ក្រុមការងារផែនការផលិតផលិតផល ។ល។ អ្នកគ្រប់គ្រង ជាទូទៅអាចជ្រើសរើសការសម្រេចចិត្តជាក្រុម ឬជាបុគ្គលទៅតាមស្ថានភាពជាក់ស្តែងនៃការងារនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ ការស្វែងយល់ពីទម្រង់ខុសៗគ្នាពីគុណសម្បត្តិ និងគុណវិប្បត្តិនៃការសម្រេចចិត្តជាក្រុម មានសារៈសំខាន់សម្រាប់អ្នកគ្រប់គ្រង។ ទម្រង់នៃការសម្រេចចិត្តជាក្រុមទាំងនោះរួមមាន៖
អត្ថបទទាក់ទង៖ លក្ខខណ្ឌចំនួន ៣ នៃការធ្វើសេចក្ដីសម្រេចចិត្ត
១. ទម្រង់នៃក្រុមអន្តរសកម្មភាព
ក្រុមអន្តរសកម្មភាព គឺជាទម្រង់ក្រុមទូទៅជាងគេក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ ទម្រង់ ក្រុមប្រភេទនេះ គឺសមញ្ញ អាចជាក្រុមដែលមានស្រាប់ ឬជាក្រុមថ្មីដែលត្រូវបានគេបង្កើតឡើងដើម្បីធ្វើសេចក្តីសម្រេចចិត្ត។ ឧទាហរណ៍ ដូចជាក្រុមដែលមានស្រាប់ក្នុងការងារដដែលនៅតាមផ្នែក នាយកដ្ឋាន ឬគណៈកម្មការបង្គោលលើកិច្ចការណាមួយ។ ចំពោះក្រុមដែលបង្កើតថ្មី អាចជាគណៈកម្មការអាដហុក (ad-hoc) ឬក្រុមការងារថ្មីៗ ដែលបង្កើតឡើងដើម្បីដោះស្រាយបញ្ហាប្រឈមណាមួយ។
២. ទម្រង់នៃក្រុមដែលហ្វី
ក្រុមដែលហ្វី (Delphi Group) គឺជាក្រុមដែលត្រូវបានបង្កើតឡើងដោយការព្រមព្រៀងគ្នានៃទស្សនៈរបស់ពួកអ្នកជំនាញ។ គំនិតទស្សនៈទាំងនោះ ត្រូវបានបញ្ចូល និងឯកភាពគ្នាក្នុងក្រុមអ្នកជំនាញដែលអាចជាក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ក្រុមអ្នកស្រាវជ្រាវជំនាញឯកទេសនៅសាកលវិទ្យាល័យ ឬក្រុមអ្នកជំនាញតាមផ្នែកនីមួយៗដែលជួបបញ្ហាត្រូវធ្វើការដោះស្រាយ និងធ្វើសេចក្តីសម្រេចចិត្ត។
៣. ទម្រង់នៃក្រុមណូមីណាល់
ក្រុមណូមីណាល់ (Nominal Group) ជាក្រុមដែលមានតែឈ្មោះ បង្កើតឡើងដើម្បីបញ្ចេញទស្សនៈ និងគំនិតច្នៃប្រតិដ្ឋផ្សេងៗលើការធ្វើសេចក្តីសម្រេចចិត្តចំពោះបញ្ហាណាមួយ។ សមាជិកនៃក្រុមនេះ ត្រូវបានប្រមូលផ្តុំទល់មុខគ្នាលើកយកជម្រើសផ្សេងៗនៃគំនិតផ្តួចផ្តើមរបស់សមាជិកម្នាក់ៗមកពិភាក្សា រួចកំណត់អាទិភាពនៃជម្រើសទាំងនោះ វាយតម្លៃ និងធ្វើសេចក្តីសម្រេចចិត្ត។
គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើសេចក្តីសម្រេចចិត្តជាក្រុម
គុណសម្បត្តិ
- មានព័ត៌មាន និងចំណេះដឹងច្រើនចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត
- មានជម្រើសផ្សេងៗគ្នាជាច្រើនដែលបង្កើតឡើងដើម្បីធ្វើការពិភាក្សា
- មានលទ្ធភាពដែលអាចទទួលយកបានច្រើនលើការធ្វើសេចក្តីសម្រេចចុងក្រោយ
- មានលទ្ធភាពជជែកគ្នាច្រើនដើម្បីស្វែងរកលទ្ធផលចុងក្រោយ .
- បង្កើតឱ្យមានការធ្វើសេចក្តីសម្រេចល្អប្រសើរជាង។
គុណវិបត្តិ
- ចំណាយពេល និងចំណាយថវិកាច្រើនក្នុងការធ្វើសេចក្តីសម្រេច
- មានការលំបាកក្នុងការសម្របសម្រួលគ្នាដើម្បីឈានទៅសម្រេចចិត្តចុងក្រោយ
- អាចមានតែមនុស្សម្នាក់គ្របដណ្តប់លើដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត
- អាចជាលទ្ធផលនៃគំនិតរបស់មនុស្សតែមួយក្រុមក្នុងការធ្វើសេចក្តីសម្រេចចិត្ត។
═━━━✥◈✥━━━═
ដកស្រង់ពី៖ សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន

ទំនាក់ទំនងជា៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)
ទំព័រហ្វេសប៊ុក៖ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន ( https://www.facebook.com/profile.php?id=61571014612691 )