
ចក្រភពពែរ្ស (Persian Empire) ចក្រភពនេះកសាងឡើងដោយព្រះចៅអធិរាជ សាយរឹស (Cyrus the Geat) នៅរវាងឆ្នាំ ៥៥០ មុនគ្រិស្ដសករាជ។ វាបានគ្រប់ដណ្ដប់លើផ្នែកភាគច្រើននៃតំបន់មជ្ឈិមបូព៌ា ដែលមានប្រជាជនប្រមាណជិត ៥០ លាននាក់ ពោលគឺស្មើនឹង ៤៤% នៃប្រជាជនពិភពលោកកាលពីសម័យនោះ។ ពែរ្ស គឺជាចក្រភពដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានភ្ជាប់តំបន់ចម្រុះជាច្រើនឱ្យស្ថិតក្រោមការគ្រប់គ្រងរួម ក្នុងនោះរួមមានដែនដីមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង អាស៉ីកណ្ដាល ឥណ្ឌា អឺរ៉ុប និងសមុទ្រមេឌីទែរ៉ាណេ។
ព្រះចៅអធិរាជ សាយរឹស នៃចក្រភពពែរ្ស គឺជាមហាក្សត្រមួយព្រះអង្គដែលកាន់អំណាចផ្ដាច់ការ អាចធ្វើការសម្រេចជោគវាសនារបស់មន្ត្រីក្រោមឱវាទ និងអាចផ្ដល់រង្វាន់ ឬដាក់ទណ្ឌកម្មបានតាមព្រះហឫទ័យរបស់ព្រះអង្គ។
អត្ថបទទាក់ទង៖ ១២ ឃ្លា នៃភាពជាអ្នកដឹកនាំដែលអ្នកគួរស្វែងយល់
ដូចទៅនឹងស្ថាប័នជាច្រើន គោលការណ៍ផ្អែកលើ ”រង្វាន់ និងពិន័យ” ឬ “ការ៉ុត និងដំបង” គឺជារបៀបដឹកនាំទូទៅមួយនាសម័យកាលបុរាណ។ ប៉ុន្តែចំពោះព្រះចៅអធិរាជ សាយរឹសវិញ ទ្រង់មានទស្សនៈខុសប្លែកពីអ្នកដទៃ ហើយមិនបានប្រើប្រាស់វិធីសាស្ត្រជំរុញទឹកចិត្តបែបនេះទេ។ លោក សេណូហ្វុន (Xenophon) បានរៀបរាប់នៅក្នុងសៀវភៅ “Cyropaidaia” ឬជាភាសាអង់គ្លេស ”The Education of Cyrus” ដែលមានន័យជាភាសាខ្មែរ ”ការអប់រំរបស់សាយរឹស” ថា “ព្រះបិតារបស់ព្រះចៅអធិរាជ សាយរឹស បានមានបន្ទូលសួរថា៖ តើបុត្រគិតថា “វិធីល្អបំផុតដែលធ្វើឱ្យមនុស្សគោរពតាមបញ្ជាដោយស្ម័គ្រចិត្ត គឺតាមរបៀបណា?”
ព្រះចៅអធិរាជ សាយរឹស បានទូលឆ្លើយថា៖ “គឺតាមរយៈការនិយាយសរសើរ និងការផ្ដល់កិត្តិយសដល់អ្នកដែលបានគោរពធ្វើតាមបញ្ជា ហើយនិងការនិយាយបន្តុះបង្អាប់ចំពោះអ្នកក្រោមបង្គាប់ណាដែលបានប្រព្រឹត្តល្មើស ហើយមិនព្រមគោរពធ្វើតាមបញ្ជា។”
បិតារបស់ព្រះចៅអធិរាជ សាយរឹស បានយល់ស្របថា “ការបង្គាប់បញ្ជា គឺជាវិធីមួយដែលអាចធ្វើឱ្យមនុស្សគោរពតាមបញ្ជាបាន។” ប៉ុន្តែបិតារបស់ព្រះចៅអធិរាជ សាយរឹស ព្រះអង្គមានបន្ទូលប្រាប់ថា ”មានវិធីសាស្ត្រដែលល្អជាងនេះទៅទៀត ដែលមិនត្រឹមតែអាចធ្វើឱ្យមនុស្សគោរពតាមបញ្ជាប៉ុណ្ណោះទេ តែថែមទាំងអាចធ្វើឱ្យមនុស្សមានឆន្ទៈស្ម័គ្រចិត្ត និងពេញចិត្តការធ្វើតាមបញ្ជាផងដែរ។” លើសពីនេះទៅទៀតនោះ ព្រះអង្គបានមានបន្ទូលប្រាប់ព្រះចៅអធិរាជ សាយរឹសទៀតថា “នៅពេលដែលការគោរពតាមបញ្ជាអាចនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត គឺការគំរាមកំហែង ឬការសន្យាផ្ដល់រង្វាន់នឹងមិនមានប្រសិទ្ធភាពខ្លាំងទេ។ អ្នកក្រោមបង្គាប់ នឹងមានឆន្ទៈក្នុងការធ្វើតាមបញ្ជាដោយស្ម័គ្រចិត្ត និងដោយមិនគិតពីគ្រោះថ្នាក់ផ្ទាល់ខ្លួន គឺអាស្រ័យទៅលើកត្តាផ្សេងទៀត ក្រៅពីការដាក់ទោស ឬការផ្ដល់រង្វាន់។”
នៅក្នុងបរិបទអាជីវកម្ម ប្រសិនបើអ្នកដឹកនាំដែលគ្រាន់តែប្រើប្រាស់ការគំរាមកំហែង ឬការសន្យាផ្ដល់រង្វាន់តែមួយមុខ ទំនងជាមិនអាចជំរុញទឹកចិត្តបុគ្គលិកឱ្យហ៊ានប្រថុយប្រថានបំពេញការងារលំបាកៗបានទេ។
បិតារបស់ព្រះចៅអធិរាជ សាយរឹស បានពន្យល់ថា៖ “វិធីសាស្ត្រនេះ មិនមានអ្វីស្មុគស្មាញទេ! បុត្រគ្រាន់តែត្រូវមើលថែអ្នកក្រោមបង្គាប់របស់បុត្រឱ្យបានល្អជាងអ្នកក្រោមបង្គាប់ទាំងអស់មើលថែខ្លួនឯងទៅទៀត ហើយត្រូវតែធានានូវផលប្រយោជន៍របស់អ្នកក្រោមបង្គាប់ទាំងអស់ទុកជាអាទិភាពទីមួយនៅក្នុងគ្រប់កាលៈទេសៈទាំងអស់។ ចំណែកឯផលប្រយោជន៍របស់បុត្រខ្លួនឯងដែលជាអ្នកដឹកនាំវិញ គឺត្រូវតែទុកជាអាទិភាពទីពីរ។”
ប្រសិនបើអ្នកដឹកនាំយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់អ្នកក្រោមបង្គាប់របស់ខ្លួនច្រើនជាងផលប្រយោជន៍ផ្ទាល់ខ្លួនទៅទៀតនោះ តើអ្នកក្រោមបង្គាប់ឯណានឹងមានចិត្តស្ទាក់ស្ទើរគោរពតាមបញ្ជា?”
មានពាក្យស្លោកយោធាបុរាណមួយបានពោលថា៖ “ទាល់តែទាហានបានហូបចុកអាហាររួចរាល់ និងបានចូលដេកលក់មុន ទើបមេទ័ពអាចហូបចុកអាហារ និងអាចចូលគេងលក់តាមក្រោយបាន។” និយាយឱ្យសាមញ្ញទៅ គឺ “លុះត្រាតែទាហានបានស៊ីបាយហើយចូលដេកមុន ទើបមេទ័ពអាចស៊ីបាយហើយចូលដេកតាមក្រោយបាន។” នេះគឺជាការអប់រំដែលព្រះចៅ អធិរាជស៊ីរូសបានទទួល។
ឧត្តមសេនីយ៍ ម៉ាក់ស្វែល ថាយល័រ (Maxwell Taylor) ដែលធ្លាប់បានបម្រើការជាឧត្តមសេនីយ៍នៅក្នុងកងទ័ពសហរដ្ឋអាម៉េរិក ជាទីប្រឹក្សារបស់ប្រធានាធិបតី ចន អេហ្វ កេណ្ណីឌី (John F. Kennedy) និងជាប្រធានអគ្គសេនាធិការចម្រុះ បានថ្លែងថា “ប្រសិនបើក្រឡេកទៅមើលប្រវត្តិសាស្ត្រវិញ អ្នកដឹកនាំមិនអាចសម្រេចបាននូវសមិទ្ធផលធំៗខាងយោធាបានឡើយ លុះត្រាតែអ្នកដឹកនាំអាចធ្វើឱ្យអ្នកក្រោមបង្គាប់របស់ខ្លួនជឿជាក់ថា “អ្នកដឹកនាំ ពិតជាបានចាត់ទុកផលប្រយោជន៍របស់អ្នកក្រោមបង្គាប់ជាអាទិភាពទីមួយ និងបានចាត់ទុកផលប្រយោជន៍របស់អ្នកក្រោមបង្គាប់សំខាន់ជាងអ្វីៗទាំងអស់។”
ប្រសិនបើប្រធានក្រុមហ៊ុនអាចធ្វើបែបនេះបានដូចគ្នា តើយើងនឹងគិតថា “បុគ្គលិកនឹងមិនមានអារម្មណ៍ចង់ជួយជ្រោមជ្រែងក្រុមហ៊ុនទេឬ?”
ប្រភពយោង៖
- សៀវភៅ “Peter Drucker on Leadership” (ភីទ័រ ដ្រាក់ឃឺ ស្តីពីភាពជាអ្នកដឹកនាំ)
- Cyrus the Great: https://www.britannica.com/biography/Cyrus-the-Great
សៀវភៅការគ្រប់គ្រងធនធានមនុស្ស – របៀបទទួលបាន អភិវឌ្ឍ ប្រើប្រាស់ និងគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពក្នុងយុគសម័យបញ្ញាសិប្បនិម្មិត
