
ទិដ្ឋភាពទូទៅនៃគំរូ Normative
គំរូ Normative នៃការធ្វើសេចក្តីសម្រេចចិត្តនេះ គឺជាទ្រឹស្តីមួយដែលត្រូវបានបង្កើតឡើងដោយលោក វីកទ័រ វីរូម (Victor H. Vroom) ដោយមានការសហការពីលោក ហ្វីលីព យ៉េតតុន (Philip W. Yetton, ឆ្នាំ១៩៧៣) និងលោក អាស្សឺ ចាហ្គូ (Arthur G. Jago, ឆ្នាំ១៩៨៨) ។ វាគឺជាគំរូមួយដែលជួយឱ្យអ្នកធ្វើសេចក្តីសម្រេចចិត្តដែលជាថ្នាក់ដឹកនាំអាចគ្រប់គ្រងពីកម្រិតនៃការចូលរួមរបស់បុគ្គលដទៃទៀតនៅក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។ ហើយគំរូនេះក៏ត្រូវបានគេហៅម្យ៉ាងទៀតថាជាគំរូ Vroom-Yetton-Jago នៃការធ្វើសេចក្តីសម្រេចចិត្ត។
គំរូនេះមាននូវយុទ្ធសាស្ត្រក្នុងការធ្វើសេចក្តីសម្រេចចិត្តចំនួន ៥ ដែលបង្កើតឡើងដើម្បីកំណត់អំពីកម្រិតនៃការចូលរួមរបស់អ្នកដទៃផ្សេងទៀតនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ វាញ៉ាំងឱ្យអ្នកធ្វើសេចក្តីសម្រេចចិត្ត ធ្វើការវិភាគទៅលើកម្រិតរបស់ភាគីដទៃ ហើយជ្រើសរើសនូវជម្រើសនៃយុទ្ធសាស្រ្តណាមួយ ដើម្បីប្រើប្រាស់នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។
ដំណើរការនៃគំរូ Normative
យុទ្ធសាស្រ្តទាំង ៥ នៃគំរូនេះ រួមមាន៖
- Autocratic Type 1 (AI)៖ ដំណើរការរបស់យុទ្ធសាស្រ្តនេះ គឺអ្នកធ្វើសេចក្តីសម្រេចចិត្តដែលជាថ្នាក់ដឹកនាំប្រើប្រាស់នូវព័ត៌មានដែលទទួលបាន រួចធ្វើសេចក្តីសម្រេចចិត្តដោយឯករាជ្យ។ មិនមាននូវការប្រឹក្សាយោបល់ជាមួយសមាជិក ឬភាគីដទៃទៀតឡើយ។ សេចក្តីសម្រេចចិត្តចុងក្រោយ ទើបត្រូវបានប្រកាសប្រាប់សមាជិកដទៃទៀតឱ្យបានដឹង។
- Autocratic Type 2 (AI)៖ ចំពោះយុទ្ធសាស្ត្រទី ២ នេះ អ្នកធ្វើសេចក្តីសម្រេចចិត្តដែលជាថ្នាក់ដឹកនាំ នៅតែធ្វើសេចក្តីសម្រេចចិត្តចុងក្រោយដោយឯករាជ្យដដែល ប៉ុន្តែចំណុចដែលខុសគ្នានោះ គឺគេត្រូវចំណាយពេលទៅលើការប្រមូលព័ត៌មានពីសមាជិក ឬភាគីដទៃ ដើម្បីបានព័ត៌មានបន្ថែម។
- Consultative Type 1 (CI)៖ នៅក្នុងយុទ្ធសាស្រ្តទី ៣ នេះ អ្នកដឹកនាំការធ្វើសេចក្តីសម្រេចចិត្ត ធ្វើការសួរនូវមតិយោបល់ពីសមាជិកនីមួយៗ តែមិនមានការបើកអង្គប្រជុំពិភាក្សាឡើយ ហើយសេចក្តីសម្រេចចិត្តចុងក្រោយត្រូវធ្វើឡើងដោយអ្នកដឹកនាំខ្លួនឯងផ្ទាល់។
- Consultative Type 2 (CII)៖ ចំពោះយុទ្ធសាស្រ្តទី ៤ នេះ អ្នកដឹកនាំបើកនូវការប្រជុំពិភាក្សាជាមួយនឹងសមាជិកទាំងឡាយដោយឱ្យពួកគេលើកឡើងពីមតិយោបល់ផ្ទាល់ខ្លួន រួចពិភាក្សាគ្នាទៅវិញទៅមក។ ប៉ុន្តែចុងបញ្ចប់ អ្នកដឹកនាំការធ្វើសេចក្តីសម្រេចចិត្តនោះ ជាអ្នកសម្រេចចុងក្រោយដោយផ្អែកទៅលើសមត្ថភាពរបស់ខ្លួនឯងផ្ទាល់ ធ្វើការយល់ស្រប ឬជំទាស់ទៅលើគំនិតយោបល់ដែលក្រុមទាំងមូលដែលបានលើកឡើង។
- Group-based Type 2 (GII)៖ រីឯយុទ្ធសាស្ត្រចុងក្រោយនេះ អ្នកដឹកនាំអនុញ្ញាតឱ្យសមាជិកក្រុមទាំងអស់ពិភាក្សាកនូវជម្រើសនៃសេចក្តីសម្រេចចិត្តមួយដែលអាចដោះស្រាយនូវបញ្ហាដែលពួកគេកំពុងប្រឈមមុខ រួចជ្រើសរើសយកជម្រើសដែលបានព្រមព្រៀងគ្នារវាងសមាជិកទាំងឡាយ ដោយមិនមានការបញ្ចូលនូវគំនិតផ្ទាល់ខ្លួនឡើយ។
អត្ថបទទាក់ទង៖ គំរូបែបអព្ភន្តរញាណនៃការធ្វើសេចក្ដីសម្រេចចិត្ត
ដើម្បីជ្រើសរើសនូវយុទ្ធសាស្ត្រដែលត្រឹមត្រូវសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត អ្នកដឹកនាំត្រូវឆ្លើយសំណួរចំនួន ៨ និងធ្វើការជ្រើសរើសទៅតាមវិធីសាស្ត្រដែលមានលម្អិតដូចខាងក្រោម៖
១. តើគុណភាពនៃការសម្រេចចិត្តមានសារៈសំខាន់ណាស់មែនទេ? តើផលវិបាកនៃការបរាជ័យអាចមានសារៈសំខាន់ឬទេ?
=> QR – Quality Requirement (តម្រូវការគុណភាព)
២. តើលទ្ធផលជោគជ័យអាស្រ័យលើសមាជិកក្រុមឬ?
=> CR – Commitement Requirement (តម្រូវការការប្តេជ្ញាចិត្ត)
៣. តើអ្នកដឹកនាំមានព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តសំខាន់តែម្នាក់ឯងទេ?
=> LI – Leader’s Information (ព័ត៌មានរបស់មេដឹកនាំ)
៤. តើបញ្ហាត្រូវបានកំណត់ និងរៀបចំរចនាសម្ព័ន្ធបានត្រឹមត្រូវ ដើម្បីឱ្យវាងាយយល់ពីអ្វីដែលត្រូវធ្វើ និងអ្វីជាដំណោះស្រាយល្អឬនៅ?
=> ST – Problem Structure (រចនាសម្ព័ន្ធបញ្ហា)
៥. នៅពេលដែលអ្នកដឹកនាំធ្វើការសម្រេចចិត្តដោយខ្លួនឯង តើវាទំនងជាសន្មតថាក្រុមមានការចូលរួម និងលើកទឹកចិត្តគ្រប់គ្រាន់ ហើយនឹងទទួលយកការសម្រេចចិត្តដែរឬទេ?
=> CP – Commitement Probability (ប្រូបាប៊ីលីតេនៃការប្តេជ្ញាចិត្ត)
៦. តើគោលដៅរបស់ក្រុមស្របនឹងគោលដៅរបស់ស្ថាប័នដែលបានកំណត់ ដើម្បីកំណត់ដំណោះស្រាយជោគជ័យឬទេ?
=> GC – Goal Congruence (ការស្របគ្នានៃគោលដៅ)
៧. ប្រសិនបើក្រុមត្រូវធ្វើការសម្រេចចិត្ត តើជម្លោះត្រូវបានគេរំពឹងទុកអំពីការសម្រេចចិត្ត និងដំណោះស្រាយដែរឬទេ?
=> CO – Subordinate Conflict (ជម្លោះអ្នកក្រោមបង្គាប់)
៨. តើសមាជិកក្រុម និងភាគីខាងក្រៅផ្សេងទៀតមានព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់ដែរឬទេ?
=> SI – Subordinate Information (ព័ត៌មានអ្នកក្រោមបង្គាប់)
សូមប្រើរូបភាពនៃគំរូដើម្បីឆ្លើយសំណួរជាជំហានៗ ហើយនិងមកដល់របៀប ឬស្ទីលត្រឹមត្រូវនៃការសម្រេចចិត្ត។ គ្រប់ផ្លូវទៅខាងស្ដាំនៅក្នុងរូបភាពនៃគំរូ សញ្ញាព្រួញមួយត្រូវបានប្រើដើម្បីចង្អុលបង្ហាញថាវិធីសាស្រ្តសម្រេចចិត្តណាមួយដែលសមស្របបំផុតសម្រាប់ស្ថានភាព។

ជារួមមកវិញ គំរូនេះបង្កើតឡើងសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តជាលក្ខណៈក្រុម និងមាននូវយុទ្ធសាស្ត្រនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តចំនួន ៥ ដែលអាចជ្រើសរើសបានទៅតាមកម្រិតនៃការចូលរួមរបស់សមាជិកក្នុងក្រុម ហើយមានលក្ខណៈបត់បែនបានទៅតាមសមត្ថភាព និងបរិយាកាសផ្សេងៗរបស់ក្រុមនីមួយៗ។
═━━━✥◈✥━━━═
ដកស្រង់ពី៖ សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន
