
នៅក្នុងភូមិដាច់ស្រយាលមួយ មានអ្នកភូមិរស់នៅដោយអាស្រ័យផលលើអណ្ដូងមួយកន្លែង។ អណ្ដូងនោះ មានទឹកមិនចេះរីកស្ងួត ទឹកខួបប្រាំងខួបវស្សា ទឹកថ្លាឆ្វង់ ពុំមានជាតិប្រៃ ឬធុំក្លិនអ្វីឡើយ។ អ្នកភូមិទាំងក្មេងចាស់ ប្រុសស្រី តែងនាំគ្នាប្រើប្រាស់ ងូត បោកគក់ ដាំស្ល សព្វសារពើ… និងរាល់តម្រូវការទឹកគ្រប់យ៉ាងគឺពឹងផ្អែកលើអណ្ដូងនោះទាំងអស់។
រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែអ្នកភូមិគ្រប់គ្នាគិតតែពីប្រើមួយមុខ ពុំចេះជួយគ្នាថែរក្សា មិនយូរប៉ុន្មានទឹកអណ្ដូងក៏ប្រែជាកខ្វក់ ធុំខ្លិនស្អុយ និងពោរពេញដោយសំរាម មិនអាចប្រើប្រាស់បានដូចមុនទៀត។ អ្នកភូមិ មិនមានទឹកល្អប្រើប្រាស់ដូចមុនទៀតទេ។ ពួកគេក៏បែជាឈ្លោះប្រកែកបន្ទោសគ្នា ទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក និងបង្ករជាអំពើហឹង្សាទៀតផង។ នៅទីបំផុត បញ្ហាអណ្ដូងកខ្វក់ ក៏មិនត្រូវបានដោះស្រាយ បែរជាបន្ថែមបញ្ហាថ្មីគឺជម្លោះក្នុងភូមិ។
អត្ថបទទាក់ទង៖ រឿង ទាសករ និងសត្វតោ
រឿងនេះចង់បង្ហាញសារដល់បងប្អូនថា៖
- ពេលមានរបស់ប្រើប្រាស់ មិនចេះចូលរួមថែរក្សា។
- ពេលមានបញ្ហាកើតឡើង មិនចូលរួមស្វែករកដំណោះស្រាយ បែរជាបន្ទោសគ្នាទៅវិញទៅមក បង្កើតបានជាបញ្ហាថ្មីមួយទៀត។
ឆ្លុះបញ្ចាំងមកក្នុងសង្គមការងារវិញ៖
បញ្ហាបែបនេះ គឺតែងតែកើតឡើងជាប្រចាំនៅក្នុងស្ថាប័នមួយចំនួន។ បុគ្គលិកខ្វះការចូលរួមថែរក្សាទ្រព្យសម្បត្តិរួមរបស់ស្ថាប័ន ប្រើប្រាស់ខ្ជះខ្ជាយ និងខ្វះការទទួលខុសត្រូវ។ បន្ថែមពីនេះ ពេលមានបញ្ហាបែជាព្យាយាមគេចវេសពីការទទួលខុសត្រូវ ព្យាយាមទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ទីបំផុតបញ្ហាចាស់មិនត្រូវបានដោះស្រាយ បែរជាបង្កើតបានជាបញ្ហាថ្មីបន្ថែមទៀត គឺជម្លោះរវាងបុគ្គលិក និងបុគ្គលិក។
ដំណោះស្រាយ៖
ដើម្បីដោះស្រាយបញ្ហានេះបាន យើងទាំងអស់គ្នាក្នុងនាមជាបុគ្គលិក គឺត្រូវចេះស្រលាញ់ និងថែរក្សាអ្វីដែលជាទ្រព្យសម្បត្តិរួម។ បន្ថែមពីនេះ ត្រូវចេះចូលរួមដោះស្រាយបញ្ហាដែលកើតឡើងក្នុងក្រុមហ៊ុន។ ចេះសហការដោះស្រាយបញ្ហាធំមកជាតូច ដោះស្រាយបញ្ហាតូចមកជាអស់បញ្ហា។ សូមចងចាំថា បុគ្គលិកគ្រប់រូប គ្រប់ផ្នែក គឺសុទ្ធតែសំខាន់ក្នុងការធ្វើឱ្យស្ថាប័នរីកចម្រើន។
═━━━✥◈✥━━━═
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
