មិនមែនរាល់ទង្វើសប្បុរសធម៌ ជួយបានគ្រប់រឿងទាំងអស់នោះទេ។
ពេលខ្លះ… វាធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗដោយស្ងៀមស្ងាត់។
បន្ទាប់ពីទឹកជំនន់ធំមួយ ទឹកបានស្រកបន្តិចម្តងៗ ដោយបន្សល់ទុកនូវស្រះតូចៗដែលមានភក់នៅពីក្រោយ។
ស្វាមួយក្បាលអង្គុយលើមែកឈើខ្ពស់មួយ ហើយមើលទៅក្រោម។
នៅក្នុងស្រះទឹកមួយ ត្រីមួយក្បាលកំពុងហែលបម្រះយ៉ាងត្រហេបត្រហប។
សត្វស្វា មានអារម្មណ៍អាណិតអាសូរ។
វាគិតថា “ត្រីនេះកំសត់ណាស់”។
“វាប្រហែលជាកំពុងតស៊ូក្នុងទឹកនោះហើយ។ ខ្ញុំត្រូវតែជួយ។”
អត្ថបទាក់ទង៖ រឿងនិទានខ្លី៖ ស្វា និងដើមត្នោតពិសិដ្ឋរបស់អណ្តើក
ដោយមិនស្ទាក់ស្ទើរ ស្វាបានលោតចុះមក ហើយលើកត្រីឡើងយ៉ាងថ្មមៗ។
ដើម្បីធ្វើឱ្យប្រាកដថាត្រីនឹងមានសុវត្ថិភាពទាំងស្រុងពីទឹកដ៏គ្រោះថ្នាក់ ស្វាបានដាក់វាដោយប្រុងប្រយ័ត្ននៅលើមែកឈើស្ងួតមួយកន្លែងដែលមានខ្យល់បក់រសៀកៗ។
បន្ទាប់មក ស្វាបានអង្គុយដោយមោទនភាពនៅក្បែរវា… រង់ចាំមិត្តថ្មីរបស់វានេះជាសះស្បើយ ហើយនិយាយអរគុណ។
ប៉ុន្តែត្រីមិនបាននិយាយអ្វីទេ។
បន្ទាប់ពីបក់កន្ទុយរបស់វាពីរបីដង ត្រីក៏ឈប់ធ្វើចលនាយឺតៗនៅក្រោមកំដៅព្រះអាទិត្យ។
ស្វាបានដកដង្ហើមធំ។
“ខ្ញុំបានព្យាយាមជួយសង្គ្រោះវាពីទឹក… ប៉ុន្តែវាខ្សោយពេកមិនអាចរស់រានមានជីវិតនៅទីនេះបានទេ។”
អ្វីដែលស្វាមិនដែលយល់គឺ៖
អ្វីដែលវាជឿថាមានគ្រោះថ្នាក់ — ទឹក — គឺជាប្រភពជីវិតរបស់ត្រី។
ហើយកន្លែងដែលវាគិតថាមានសុវត្ថិភាព — ដីស្ងួត — គឺជាកន្លែងដែលត្រីមិនអាចរស់រានមានជីវិតបាន។
កំហុសបីយ៉ាងនៅក្នុង “ការគិតដោយបង្ខំ”
ច្បាប់ទី១ — កុំច្រឡំសកម្មភាពជាមួយលទ្ធផល។
ស្វាបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងមានចេតនាល្អ។
ប៉ុន្តែសកម្មភាពល្អមិនតែងតែបង្កើតលទ្ធផលត្រឹមត្រូវនោះទេ។
ដំណោះស្រាយដែលដំណើរការក្នុងបរិយាកាសខុស អាចបង្កើតឥទ្ធិពលផ្ទុយ។
មុននឹងជួយនរណាម្នាក់ សូមយល់ពីអ្វីដែលពួកគេពិតជាត្រូវការ។
ច្បាប់ទ២ — អន្ទាក់នៃការប៉ាន់ស្មាន។
ស្វាខ្លាចទឹក ដូច្នេះវាសន្មតថាត្រីក៏ខ្លាចទឹកដែរ។
ក្នុងភាពជាអ្នកដឹកនាំ និងទំនាក់ទំនង មនុស្សច្រើនតែជំរុញអ្វីដែលពួកគេឱ្យតម្លៃ — ឋានៈ លុយកាក់ ការទទួលស្គាល់ — ខណៈពេលដែលអ្នកដទៃអាចគ្រាន់តែត្រូវការសេរីភាព ពេលវេលា ឬលំហ។
ច្បាប់ទី៣ — សេចក្តីសប្បុរសត្រូវការការយល់ដឹង។
ចេតនាល្អដែលគ្មានការយល់ដឹង អាចនាំឱ្យមានលទ្ធផលដែលមិនចង់បាន។
បញ្ញាច្រើនតែចាប់ផ្តើមដោយជំហានសាមញ្ញមួយ៖ ផ្អាក… សង្កេត… ហើយយល់ពីបរិស្ថានរបស់អ្នកដទៃជាមុនសិន។
មេរៀន
មុននឹងព្យាយាមផ្លាស់ប្តូរជីវិតរបស់នរណាម្នាក់ ត្រូវប្រាកដថាអ្នកបានឃើញពិភពលោកតាមរយៈភ្នែករបស់ពួកគេ – មិនមែនគ្រាន់តែតាមរយៈទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនោះទេ។
ប្រែសម្រួលពីបរទេស៖ គង់ ឆាយឡេង – Kong Chhayleng
——✥◈✥——
ឆាណែលតេលេក្រាម 👉 https://t.me/kongchhaylengchannel
——✥◈✥——
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

