
ការធ្វើសេចក្តីសម្រេចចិត្ត តែងតែស្ថិតក្នុងលក្ខខណ្ឌផ្សេងៗគ្នា ជួនកាលអ្នកគ្រប់គ្រងធ្វើ សេចក្តីសម្រេចចិត្ត ដោយមានការយល់ច្បាស់ និងគ្រប់ជ្រុងជ្រោយអំពីលក្ខខណ្ឌទាំងឡាយ ជុំវិញការធ្វើសេចក្តីសម្រេចចិត្ត។ ប៉ុន្តែមានករណីខ្លះដែលអ្នកគ្រប់គ្រងមិនមានលក្ខខណ្ឌគ្រប់គ្រាន់ និងច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចចិត្តទេ។ ដូចនេះ ការសម្រេចចិត្ត អាចធ្វើឡើងក្នុងលក្ខខណ្ឌប្រាកដប្រជា ឬក្នុងលក្ខខណ្ឌហានិភ័យ ឬក្នុងលក្ខខណ្ឌមិនប្រាកដប្រជា។ ខាងក្រោមនេះ គឺជាការបង្ហាញនូវអត្ថន័យនៃលក្ខខណ្ឌនីមួយៗក្នុងការធ្វើសេចក្តីសម្រេចចិត្ត៖
ការសម្រេចចិត្តស្ថិតក្រោមលក្ខខណ្ឌប្រាកដប្រជា
វាគឺជាស្ថានភាពដែលអ្នកគ្រប់គ្រងអាចធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ ដោយមាន លក្ខណៈវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើជម្រើសនីមួយៗ។ វាជាការធ្វើសេចក្តីសម្រេចចិត្តដែលអ្នកគ្រប់គ្រងបានដឹងច្បាស់ពីហេតុផលជាក់លាក់នៃជម្រើសដែលខ្លួនសម្រេចចិត្តជ្រើសយកមកអនុវត្ត។ ឧទាហរណ៍ សហគ្រិន និងអ្នកគ្រប់គ្រងអាជីវកម្មនៅប្រទេសស៊ុយអែត អាចប្រាកដប្រជាថានឹងទទួលបានការទូទាត់ភ្លាមៗចំពោះផលិតផល និងសេវាកម្មរបស់ខ្លួន នៅពេលដែលពួកគេសម្រេចអនុញ្ញាតឱ្យអតិថិជនធ្វើការទិញតាមរយៈ Apps សេវាហិរញ្ញវត្ថុ ដូចជា iZettle និង Trustly។ ឧទាហរហ៍ផ្សេងទៀត ឧបមាថាអ្នកគ្រប់គ្រងក្រុមហ៊ុនសាំងហ្គាពួរអ៊ែរឡាញ បានធ្វើការសម្រេចចិត្តទិញយន្តហោះ jumbo jets ថ្មីចំនួន ៥ គ្រឿង។ នៅពេលក្រោយមកទៀត ការសម្រេចចិត្តទិញយន្តហោះ គឺអាចកំណត់បានថាទិញពីខាងណា ពីព្រោះមានតែក្រុមហ៊ុន ២ ទេ ដែលផលិតយន្តហោះ jumbo jets គឺក្រុមហ៊ុន Boeing និង Airbus។ ដូចនេះ ក្រុមហ៊ុន Singapore Airlines ដឹងជាក់ច្បាស់នៃជម្រើសដែលខ្លួនត្រូវធ្វើការសម្រេចចិត្តដើម្បីទិញ។ ជម្រើសនីមួយៗសុទ្ធតែបញ្ជាក់ច្បាស់ពីលក្ខណៈពិសេសនៃផលិតផល និងថ្លៃរបស់វា។
ការសម្រេចចិត្តស្ថិតក្រោមលក្ខខណ្ឌហានិភ័យ
ការសម្រេចចិត្តភាគច្រើនរបស់អ្នកគ្រប់គ្រង គឺស្ថិតក្រោមលក្ខខណ្ឌហានិភ័យ។ នេះមានន័យថា ជម្រើសនីមួយៗដែលត្រូវបានបង្កើតឡើងដើម្បីធ្វើការវាយតម្លៃជ្រើសយកមកអនុវត្តសេចក្តីសម្រេចចិត្ត មានលក្ខណៈប៉ាន់ស្មានលើលទ្ធភាពដែលអាចកើតឡើង(Probability estimates)។ ការសម្រេចចិត្តស្ថិតក្រោមហានិភ័យ គឺអ្នកគ្រប់គ្រងមានព័ត៌មានពីមុនដែលជាបទពិសោធន៍ផ្ទាល់ ឬទិន្នន័យដែលមានស្រាប់ ហើយអាចឱ្យពួកគេកំណត់ប្រូបាប៊ីលីតេ ចំពោះជម្រើសផ្សេងៗគ្នា។ ឧទាហរណ៍ ឧបមាថាអ្នកចរចាកិច្ចសន្យាការងាររបស់ក្រុមហ៊ុនមួយ ទទួលបានសំណើចុងក្រោយពីសហជីពកម្មករមុនកាលបរិច្ឆេទនៃការធ្វើកូដកម្ម។ អ្នកចរចា នឹងមានជម្រើស ២ គឺទទួលយក ឬបដិសេធសំណើ។ ប៉ុន្តែការសម្រេចចិត្តក្នុងលក្ខខណ្ឌហានិភ័យនេះ គឺស្ថិតនៅលើថាតើតំណាងសហជីពខ្លាំងឬអត់? ប្រសិនបើអ្នកចរចារបស់ក្រុមហ៊ុនទទួលយកសំណើ នោះគាត់អាចចៀសផុតពីការធ្វើកូដកម្ម ប៉ុន្តែត្រូវតែអនុវត្តកិច្ចសន្យាការងារដែលទាក់ទងនឹងការចំណាយរបស់ក្រុមហ៊ុន។ ប្រសិនបើគាត់បដិសេដសំណើ វាអាចទទួលបានកិច្ចសន្យាការងារល្អជាងប្រសិនបើសហជីពខ្លាំង ប៉ុន្តែគាត់អាចធ្វើឲ្យមានកូដកម្មប្រសិនបើសហជីពខ្សោយ។ ដូចនេះ ផ្អែកតាមបទពិសោធន៍ និងព័ត៌មានដែលពាក់ព័ន្ធ គាត់អាចប៉ាន់ប្រមាណថា ប្រហែល ៧៥% នៃឱកាសដែលតំណាងសហជីពខ្លាំង និងប្រហែល ២៥% នៃឱកាសដែលតំណាងសហជីពខ្សោយក្នុងការការពារការគំរាមកំហែងនេះ។ ដូចនេះ ការធ្វើសេចក្តីសម្រេចចិត្ត អាចស្ថិតនៅក្រោមលក្ខខណ្ឌហានិភ័យ គឺអ្នកធ្វើសេចក្តីសម្រេចចិត្តអាចគណនាជាមធ្យមនៃការរំពឹងទុកលើលទ្ធផលដែលនឹងទទួលបាន ដោយកំណត់ប្រូបាប៊ីលីតេនៃជម្រើសទាំងនោះ។
ការសម្រេចចិត្តស្ថិតក្រោមលក្ខខណ្ឌមិនជាក់លាក់
ការធ្វើសេចក្តីសម្រេចសំខាន់ៗរបស់ស្ថាប័ន ឬក្រុមហ៊ុននាពេលបច្ចុប្បន្ន ច្រើនតែស្ថិតក្រោមលក្ខខណ្ឌមិនជាក់លាក់ ជាលក្ខខណ្ឌដែលអ្នកធ្វើសេចក្តីសម្រេចចិត្តមិនបានដឹងគ្រប់លក្ខណៈវិនិច្ឆ័យនៃជម្រើសទាំងអស់ គឺមានហានិភ័យក្នុងជម្រើសនីមួយៗ ឬជាផលវិបាកក្នុងជម្រើសនីមួយៗ។ ភាពមិនជាក់លាក់ទាំងនោះ គឺមកពីភាពស្មុគស្មាញ និងការផ្លាស់ប្តូរបស់ស្ថាប័ន និងបរិយាកាសខាងក្រៅរបស់វា។ ឧទាហរណ៍ ការកើតឡើងថ្មីៗនៃបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម អាចជាលទ្ធភាពនៃការស្វែងរកប្រាក់ចំណូលបានច្រើនក្នុងបរិយាកាសប្រកួតប្រជែង ប៉ុន្តែវាក៏ប្រឈមនឹងភាពមិនច្បាស់លាស់សម្រាប់អ្នកគ្រប់គ្រងផងដែរ។ ដូចនេះ ដើម្បីឱ្យការធ្វើសេចក្តីសម្រេចចិត្តមានប្រសិទ្ធភាពក្នុងកាលៈទេសៈនេះ អ្នកគ្រប់គ្រងត្រូវតម្រូវឱ្យមានព័ត៌មានដែលពាក់ព័ន្ធកាន់តែច្រើនកាន់តែល្អ ហើយអនុវត្តតាមលំដាប់លំដោយ និងមានភាពសមហេតុសមផល។ ក្នុងនោះ ការប្រើអព្ភន្តរញ្ញាណចំពោះការវិនិច្ឆ័យ និងបទពិសោធន៍ផ្ទាល់ខ្លួន ដើរតួនាទីសំខាន់ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តក្រោមលក្ខខណ្ឌមិនប្រាកដប្រជានេះ។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនជាក់លាក់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត គឺជាលក្ខខណ្ឌដែលមានន័យមិនប្រាកដប្រជាសម្រាប់អ្នកគ្រប់គ្រង និងជាការសម្រេចចិត្តមួយដែលងាយនឹងមានកំហុស ឬភ័ន្តច្រឡំ។
═━━━✥◈✥━━━═
ដកស្រង់ពី៖ សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន
