
ជំនាញ ( គុ. ) ដែលជាញ, គឺដែលវាងវៃ, ប៉ិន, ប្រសប់, ស្ទាត់, ដែលចេះស្ទាត់ប្រាកដ : ត្រូវជ្រើសរើសយកសុទ្ធតែអ្នកជំនាញ ។
ស្ថាប័ន ឬអាជីវកម្មដែលអាចដំណើរការទៅបានដោយរលូន ត្រូវការធនធានមនុស្សដែលមានទេពកោសល្យ និងជំនាញច្បាស់លាស់ សម្រាប់បំពេញការងារ។ លក្ខខណ្ឌនេះ ទំនងជាមិនមានការផ្លាស់ប្ដូរឡើយ ទោះក្នុងសម័យកាលណាក៏ដោយ។ ទន្ទឹមនឹងនេះ កាលៈទេសៈទីផ្សារការងារបច្ចុប្បន្ន តម្រូវឱ្យមានការចូលរួមពីបច្ចេកវិទ្យាដោយខានពុំបាន។ ដូច្នេះហើយ បុគ្គលិកត្រូវតែពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីអាចប្រកួតប្រជែងជាមួយបច្ចេកវិទ្យាឆ្លាតវៃ។
នាពេលអនាគតដ៏ខ្លី ការងារមួយចំនួននឹងត្រូវជំនួសដោយបច្ចេកវិទ្យា ខណៈមួយចំនួនទៀតនឹងមានទម្រង់ខុសពីបច្ចុបុ្បន្ន។ ចំណែកតួនាទីដែលមិនធ្លាប់មានពីមុននឹងកើតមកជំនួសការងារដែលបាត់បង់ទៅ។ ហេតុផលទាំងនេះ ទាមទារឱ្យម្ចាស់អាជីវកម្ម និងបុគ្គលិកត្រូវដុសខាត់សមត្ថភាព និងសម្របខ្លួនទៅតាមការវិវត្តន៍ដ៏ឆាប់រហ័សនេះ។ ចំណែកការពង្រឹងជំនាញ (Upskilling) និងការរៀនជំនាញថ្មី (Reskilling) នឹងមានភាពសំខាន់ខ្លាំង ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលនៃពិភពលោក។
អត្ថបទទាក់ទង៖ ផលប៉ះពាល់អវិជ្ជមានចំនួន ៦ នៃការប្រើប្រាស់បុគ្គលិកខុសជំនាញ [+ ដំណោះស្រាយ]
ការពង្រឹងជំនាញ ធៀបនឹង ការរៀនជំនាញថ្មី
ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី មានអត្ថន័យខុសគ្នាស្រឡះ។ ការពង្រឹងជំនាញ មានន័យថា ការបង្កើនសមត្ថភាពរបស់បុគ្គលម្នាក់ ដែលចេះស្រាប់លើជំនាញអ្វីមួយ និងគ្មានបំណងផ្លាស់ប្ដូរតួនាទី ឬវិស័យការងារនោះទេ។ បុគ្គល ឬបុគ្គលិកម្នាក់នោះ ត្រូវរៀនបច្ចេកទេស យុទ្ធវិធី និងនិន្នាការចំណេះដឹងថ្មីៗ ដើម្បីអាចឈរជើងក្នុងវិស័យការងាររបស់ខ្លួន។ ចំណែកឯការរៀនជំនាញថ្មី គឺជាការត្រៀមខ្លួន ដើម្បីផ្លាស់ប្ដូរជំនាញ ឬតួនាទីបច្ចុប្បន្ន ព្រោះតំណែងមួយចំនួនអាចនឹងលែងមាន ដោយសារការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗ។ ហេតុនេះ បុគ្គលិកក្នុងវិស័យមួយចំនួន ត្រូវរៀនជំនាញថ្មី ដើម្បីទទួលបានឱកាសការងារ។ ការលេចឡើងនូវបញ្ញាសប្បនិម្មិត (AI) គឺជារបត់ដ៏សំខាន់ដែលតម្រូវឱ្យមនុស្សទទួលយកការប្រែប្រួលក្នុងវិស័យការងារ។
តើការការពង្រឹងជំនាញមានអត្ថប្រយោជន៍អ្វីខ្លះ?
ការពង្រឹងជំនាញ នឹងផ្ដល់ឱកាសឱ្យបុគ្គលិករៀនសូត្រនូវអ្វីដែលថ្មី និងអ្វីដែលពួកគេចង់បាន។ ជាពិសេស វាធ្វើឱ្យអាជីពរបស់គេមានភាពរីកចម្រើន ព្រមទាំងមានផលិតភាពខ្ពស់ជាងមុន ដែលអាចផ្ដល់នូវប្រាក់ចំណូលកាន់តែប្រសើរ។ ម្យ៉ាងវិញទៀត នៅពេលមានជំនាញច្បាស់លាស់ និងមុតស្រួច បុគ្គលិកក៏នឹងក្លាយជាផ្នែកមួយនៃការចូលរួមចំណែកអភិវឌ្ឍក្រុមហ៊ុន និងសង្គមឱ្យកាន់តែរីកចម្រើនផងដែរ។
តើការរៀនជំនាញថ្មីមានអត្ថប្រយោជន៍អ្វីខ្លះ?
ការរៀនជំនាញថ្មីបន្ថែម មានន័យថា អ្នកកំពុងគិតពីអនាគត និងចេះត្រៀមខ្លួនទុកជាមុន សម្រាប់ការផ្លាស់ប្ដូរ ។ ជាពិសេស អ្នកនឹងមិនប្រឈមមុខនឹងវិបត្តិគ្មានការងារធ្វើ បាត់បង់ផលិតភាពការងារ ឬបញ្ហាតានតឹងជាដើម។ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) បានព្យាករណ៍ក្នុងឆ្នាំ២០២៣ ថា បច្ចេកវិទ្យានឹងផ្លាស់ប្ដូរការងារចំនួន ១.១ ប៊ីលានក្នុងរយៈពេល១០ឆ្នាំខាងមុខ។ បញ្ញាសប្បនិម្មិត និងម៉ាស៊ីនសិក្សា គឺជាហេតុផលនៅពីក្រោយការផ្លាស់ប្ដូរនេះ។ ម្ចាស់អាជីវកម្ម ទំនងជាត្រូវប្រឈមនឹងបញ្ហាជាច្រើន ប្រសិនបើមិនបើកកម្មវិធីសិក្សាជំនាញថ្មីសម្រាប់បុគ្គលិក។
តើស្ថាប័ន ឬអាជីវកម្មទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការពង្រឹងជំនាញ និងការរៀនជំនាញថ្មី?
សមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ គឺជាគន្លឹះដែលអនុញ្ញាតឱ្យក្រុមហ៊ុនមួយអាចបន្តដំណើរការបានយូរអង្វែង ហើយក៏ជាឱកាសនៃការពង្រឹងអាជីវកម្មឱ្យឆ្ពោះទៅមុខបានរហ័សផងដែរ។ ការបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដូចជាកម្មវិធីពង្រឹងជំនាញ និងការរៀនជំនាញថ្មី នឹងជួយឱ្យធនធានមនុស្សក្នុងក្រុមហ៊ុនមានភាពចម្រុះ និងសក្តានុពលខ្លាំងជាងមុន ព្រមទាំងអាចត្រៀមខ្លួនបានល្អនៅក្នុងតម្រូវការទីផ្សារនាពេលអនាគតផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏អាចសន្សំការចំណាយសម្រាប់ការជម្រើសរើសបុគ្គលិកបន្ថែម ថែមទាំងអាចផ្ដល់ឱកាសឱ្យធនធានមនុស្សដែលខ្លួនមានស្រាប់ បង្ហាញសមត្ថភាព និងឆាប់ឡើងតំណែងទៀតផង។
