របស់ ៦ យ៉ាងដែលទាល់តែអ្នកបានបាត់បង់ទើបអាចស្គាល់ពីតម្លៃ

តើអ្នកធ្លាប់សោកស្ដាយក្រោយពេលបាត់បង់អ្វីមួយដែរឬទេ? ខាងក្រោមនេះជារបស់ ៦ យ៉ាង ដែលទាល់តែអ្នកបានបាត់បង់ទើបអាចស្គាល់ពីតម្លៃ​៖

១. សុខភាព​

សុខភាព គឺជាសុខភាពសភាវៈមនុស្សរស់នៅក្នុងសង្គម បូករួមទាំងធាតុផ្សំជីវិត ផ្លូវកាយ ផ្លូវចិត្ត និងសង្គមដោយគិតគូរទាំងប្រការប្រតិបត្តិទាំងឡាយ ដែលពាក់ព័ន្ធនឹងសុខភាពជាអាទិ៍ ស្ថានភាពសុខភាពផ្ទាល់ខ្លួន រឿងរ៉ាវផ្ទាល់ខ្លួន កម្រិតស្ថានភាពសង្គម សេដ្ឋកិច្ច ច្បាប់ និងវប្បធម៌នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលនោះ។

អ្នកនឹងស្គាល់ពីតម្លៃរបស់វានៅពេលដែលអ្នកបានបាត់បង់សេរីភាពមួយវាជារបស់ផ្ទាល់ខ្លួនអ្នក​ ដូចជា អាហារដែលអ្នកចង់ញុំា តែអ្នកញុំាមិនបាន គ្រប់ទីកន្លែងដែលអ្នកចង់ទៅ ប៉ុន្តែអ្នកទៅពុំកើត ទៅជួបគ្រប់មនុស្សដែលអ្នកចង់ជួប ប៉ុន្តែអ្នកបានត្រឹមតែការរង់ចាំ ចង់ធ្វើអ្វីដែលអ្នកចង់ធ្វើ  ប៉ុន្តែអ្នកគ្មានលទ្ធភាពក្នុងការបំពេញ អ្នកនឹងសោកស្តាយជាមួយគ្រប់យ៉ាងដែលអ្នកបានបំផ្លាញសុខភាព និងគ្មានពេលវេលាសម្រាប់ខ្លួនឯង។

២. កិត្តិយស​

កិត្តិយស [កិត-តិ-យស់] (បា.) (ន.) យសសក្ដិដែលល្បីទូទៅ, កេរ្តិ៍ឈ្មោះដ៏រុងរឿង។

អ្នកនឹងស្គាល់ពីតម្លៃរបស់វានៅពេលដែលអ្នកបានបាត់បង់នូវកិត្តយស កេរ្តិ៍ឈ្មោះ និងរបស់ល្អៗដែលអ្នកខិតខំសាងស្ទើពេញមួយជីវិត តែវាត្រូវបានបាត់បង់ក្នុងរយៈពេលខ្លីមួយ ដោយសារតែកំហុសមួយដែលអ្នក​គិតថាវាជារឿងបន្តិចបន្តួច រឿងដែលមិនគួរឱ្យកើតឡើង ហើយមិនអាចឱ្យអ្នកចាប់ផ្តើមកសាងវាជាថ្មី។

៣. ខ្លួនឯង

អ្នកនឹងស្គាល់ពីតម្លៃរបស់ខ្លួនឯងនៅពេលដែលអ្នកបានបាត់បង់នូវគ្រប់យ៉ាងដែលជាខ្លួនឯង ដែលជាក្តីសុខរបស់ខ្លួន ជាក្តីស្រម៉ៃរបស់ខ្លួន ជាឆន្ទៈ និងមនសិការបស់ខ្លួន អ្នកនឹងមានភាពសោកស្តាយយ៉ាងខ្លាំងពេលដែលអ្នកជួបរឿងខកបំណង ពេលអ្នកជួបបញ្ហា ជួបរឿងខូចចិត្ត ថប់បារម្ភ​ឬពេលអ្នកមានជំងឺបាក់ទឹកចិត្ត អ្នកអាចនឹងបោះបង់ជីវិតខ្លួនឯងចោលព្រោះតែអ្នកគិតថា អ្នកគ្មានសល់អ្វីទាំងអស់សូម្បីតែខ្លួនឯង។

ក្នុង​ធម្មជាតិ​នេះ គ្មាន​អ្នកណាម្នាក់​អាចជួយ​សង្គ្រោះ​យើង​ស្មើនឹង​ខ្លួនឯង​ឡើយ ហើយក៏​គ្មាន​អ្នកណាម្នាក់​បំផ្លាញ​យើង​ដូចនឹង​ខ្លួន​យើង​ដែរ។

៤. ការសម្រេចចិត្តខុស

ការសម្រេចចិត្ត គឺជាការសម្រេចយកតាមគោលបំណងណាមួយ ល្បិចណាមួយ និងមធ្យោបាយណាមួយជាកំណត់ ដើម្បីឈានតៅសម្រេចគោលដៅណាមួយនោះ មានន័យថា ក្នុងចំណោមបុព្វហេតុទាំងឡាយដែលមាននៅក្នុងខ្លួនរបស់មនុស្ស គឺជាបុព្វហេតុតែមួយប៉ុណ្ណោះដែលសំខាន់បំផុត និងដើរតួនាទីជាអ្នកកំណត់។

អ្នកនឹងស្គាល់ពីតម្លៃរបស់វានៅពេលដែលអ្នកបានជ្រើសរើសរបស់មួយដែលអ្នកយល់ថា ខ្លួនអ្នកគឺមានជម្រើស ខ្លួនអ្នកគឺមានសមត្ថភាពអាចកែប្រែគ្រប់យ៉ាងបាន ប៉ុន្តែវាបានធ្វើឱ្យអ្នកបរាជ័យ និងបានបញ្ជាក់ថាអ្នកគ្មានសមត្ថភាពក្នុងការកែប្រែគ្រប់យ៉ាង ហើយវាបានត្រឹមតែផ្តល់ឱ្យអ្នកនូវលទ្ធផលដែលមិនមែនជាក្តីរំពឹងរបស់ខ្លួន​ និងគ្មានឱកាសក្នុងការសម្រេចចិត្តជាថ្មីម្តងទៀតបាន។

៥. ការបែកបាក់

អ្នកនឹងស្គាល់ពីតម្លៃរបស់វានៅពេលដែលអ្នកបាន​បាត់បង់នូវមនុស្សជាទីស្រឡាញ់ មិនថាជាសាច់ញាតិ មនុស្សដែលអ្នកស្រលាញ់ (ស្នេហា)​ ឬជាមិត្តភក្តិដែលអ្នកធ្លាប់មានអនុស្សាវរីយ៍ និងការចងចាំល្អៗជាមួយគ្នា​ វានឹងធ្វើឱ្យអ្នកមាន​អារម្មណ៍ថា​ សោកស្តាយ ខូចចិត្ត​ ចំពោះការបែកបាក់មួយនេះ ព្រោះ​តែគ្រប់យ៉ាងមិនអាចត្រឡប់ទៅមានការជួបជុំដូចពីមុន។

*វាជាការពិត គ្មានអ្វីដែលអាចនៅបានយូរ និងស្ថិតស្ថេរជារៀងរហូតនោះទេ គ្រាន់តែហើយយូរហើយនិងឆាប់។

៦. ឱកាស

ឱកាស បា.; សំ. ( ន. ) (អវកាឝ) ហេតុ, ការណ៍; ស្ថាន, ទី, ទី​ទំនេរ, ចន្លោះ; វេលា, វេលា​ទំនេរ, ពេល​ស្រួល; ផ្លូវ, ទំនង; សិទ្ធិ​ជោគ; ការ​និយម, ការ​អនុលោម; សេចក្ដី​អនុញ្ញាត​ឲ្យ; ការ​យល់​ព្រម​តាម : ឱកាស​ល្អ ពេល​ល្អ, ទំនង​ស្រួល (ព. កា. ប្រើ​ជា អវកាស ក៏​បាន) 

អ្នកនឹងស្គាល់ពីតម្លៃរបស់វានៅពេលដែលអ្នកបានបរាជ័យចំពោះឱកាសដែលអ្នកបានទទួល ប៉ុន្តែអ្នកពុំបានធ្វើវាឱ្យបានសម្រេចជោគជ័យ នោះអ្នកនឹងមានអារម្មណ៍ថាខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះឱកាសនោះ ដែលអ្នកបានដាក់ក្តីរំពឹងនិងក្តីសង្ឃឹមយ៉ាងខ្លាំង ហើយដែលវាគ្មានជាលើកទីពីរសម្រាប់អ្នក។

ទោះជាយ៉ាងណាក៏ដោយ​ អ្នកត្រូវដឹងថា របស់ទាំង ៦ ​នេះវានៅតែអាចបាត់បង់ ទោះអ្នកបានខិតខំព្យាយាមគ្រប់បែបយ៉ាងក៏ដោយ ប៉ុន្តែអ្នកត្រូវខំស្គាល់ខ្លួនឯងឱ្យបានច្បាស់ ខំស្គាល់ពីបំណងពិតរបស់ខ្លួន ស្គាល់ពីសមត្ថភាព លទ្ធភាពរបស់ខ្លួន ខំស្គាល់ពីពេលវេលានិងឱកាសពេលដែលអ្នកមាននិងអាចបំពេញបាន ហើយអ្នកក៏ត្រូវចាប់ផ្តើមកសាងវាដោយមិនបង្អែបង្អង់ ដោយមិនអាត្មានិយម និងប្រាកដថា អ្នកមិនចង់ឱ្យនរណាម្នាក់ត្រូវខកចិត្ត ឈឺចាប់ ព្រោះ​តែ​ការការសម្រេចចិត្ត និងការផ្តល់ឱ្យរបស់អ្នកនោះឡើយ។


អត្ថបទទាក់ទង

ការប្រាថ្នា ៥ យ៉ាង ដែលមិនអាចកើតឡើងបាន

 

Leave a Reply

Your email address will not be published. Required fields are marked *