ប្រវត្តិមេទ័ពសរសេរ “តម្រាពិជ័យសង្គ្រាម” ដ៏ល្បីកក្រើកប្រវត្តិសាស្ដ្រចិន (មានចំណុចដែលអាចប្រើប្រាស់ក្នុងការដឹកនាំអាជីវកម្មបាន)

លោកមេទ័ព ស៊ុនអ៊ូ (ស៊ុនជឺ) កើតនៅក្នុងសម័យកាលជាមួយគ្នានឹងអ្នកប្រាជ្ញមួយរូបទៀតដែរ គឺអ្នកប្រាជ្ញ ខុងជឺ។ លោកកើតនៅមុន​ គ.ស ៥៥១-៤៩៧។ ស៊ុនជឺ ជាអ្នកស្រុក ឡឺអាន នៃសម័យកាលឈុនឈីវនៃប្រទេសចិន។ គាត់គជាកំពូលមេទ័ពដែលពូកែខាងយុទ្ធសាស្ត្រសង្គ្រាមនៅសម័យកាលបុរាណ។

ចំពោះតម្រាពិជ័យសង្គ្រាម គឺជាក្បួនសឹកសង្គ្រាមដែលមានភាពចំណាងស់ជាងគេ ដែលបានសរសេរឡើងដោយលោកមេទ័ពស៊ុនអ៊ូផ្ទាល់។ នៅក្នុងគម្ពីរក្បួនសឹកនេះ​ ត្រូវបានគេកត់សម្គាល់ថាមានបណ្តាប្រទេសជាច្រើនយកទៅអនុវត្ត និងទទួលបានជោគជ័យសម្រាប់អ្នកដែលប្រើប្រាស់។ នៅសម័យកាលក្រោយៗមកទៀត មានមេទ័ពចិនជាច្រើនសម័យកាលយកមកប្រើប​ន្តទៀត រហូតនៅ​តែមាន​ប្រសិទ្ធភាពដល់ពេលបច្ចុប្បន្ន។

មេទ័ព ស៊ុនអ៊ូ បានកើតនៅក្នុងស្រុកចិនកំពុងតែមានភាពវឹកវរ និងផ្លាស់ប្តូរដោយធំមួយ គឺប្តូរពីរបបទាសករមកជារបបសក្ដិភូមិវិញ។ ស៊ុនអ៊ូ លោកបានកើតនៅក្នុងគ្រួសារត្រកូលធាន ដែលជាវណ្ណៈអ្នកមានមួយ (វណ្ណៈម្ចាស់ដី) និងជាត្រកូល​ដែលមានមេទ័ពពូកែ មានចំណេះវិជ្ជាព្រមទាំងមានបទពិសោធខាងផ្នែកសឹកសង្គ្រាមយ៉ាងជ្រាលជ្រៅ។ ដោយសារតែគ្រួសាររបស់លោកគឺ ជាគ្រួសារមេទ័ពស្រាប់​ ទើបលោកមានឱកាសក្នុងការត្រិះរិះពិចារណាទាក់ទងនឹងក្បួនសឹក គោលការណ៍នៃមូលដ្ឋានគ្រឹះនៃក្បួនសឹក យុទ្ធសាស្ត្រ​សង្គ្រាម​​តាំងតែពីវ័យក្មេងមកម៉្លេះ។

ថ្វីបីជាលោក ស៊ុនអ៊ូ កើតក្នុងត្រកូលគ្រួសារតែមានទ្រព្យស្តុកស្ដម្ភ និងជាគ្រួសាររបស់​មេទ័ព តែលោកមមិនដែលភ្លេចខ្លួនទេ ផ្ទុយទៅវិញលោកតែងខិតខំរៀនក្បួនសឹកយ៉ាងស្វិតស្វាញបំផុត រហូតក្លាយជាបុគ្គលដែលមានចំណេះដឹងជ្រៅជ្រះខាងក្បួនសឹក និងទ្រឹស្តីសង្រ្គាមជាងគេ។ ចំពោះក្បួនសឹករបស់មេទ័ព ស៊ុនជឺ ក៏បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសិក្សាផ្នែកយោធានៅជំនាន់ក្រោយៗ​មកទៀត ដើម្បីអនុវត្ត។

មានហេតុការមួយកើតឡើង នៅពេលដែលនគរឈី កើតមានរឿងរីករាលភាពវឹកវរដោយអំពើក្បត់មួយ មេទ័ពស៊ុនអ៊ួ លោកក៏បានរត់​ភៀសខ្លួនទៅជ្រកកោនក្នុងនគរអ៊ូ លាក់ខ្លួននិងឆ្លៀតពេលដើម្បីសឹកសិក្សាអំពីក្បួនសឹកបន្ថែមដោយខ្លួនឯងនៅក្នុងពេលនោះ។ ពេលនោះផងដែរគាត់បានសិក្សាសង្កេតអំពីបញ្ហាស្រុកទេសនៅក្នុងនគរនានា ពិសេសនៅក្នុងនគរអ៊ូតែម្តង។ ជាចៃដន្យថ្ងៃមួយក្បួនសឹក​របស់លោកក៏បានទៅដល់ដៃរបស់លោកមេទ័ពនៃនគរអ៊ូ ឈ្មោះថា អ៊ូជឺសុី ពេលនោះមេទ័ពអ៊ូជឺស៊ី បានឃើញក្បួនសឹកនេះជាប់ចិត្ត​ និងកោតសរសើរជាខ្លាំង ហើយគាត់ក៏សន្យាថានឹងណែនាំដល់ព្រះរាជាតែងតាំងលោកធ្វើជាមេទ័ពធំនៃនគរអ៊ូតែម្តង។

នៅឆ្នាំ ៥១៦ មុនគ.ស ស្តេចហឺលូ (អូហ្គឺលី) ឡើងគ្រងរាជសម្បត្តិជាព្រះរាជាថ្មីនៃនគរអ៊ូ។ ព្រះអង្គមានគម្រោងផែនការរៀបចំនគរ និងចង់ពង្រីកទឹកដីក្នុងការគ្រប់គ្រងដោយព្រះអង្គតែអង្គឯង។ ឆ្លៀតក្នុងឱកាសល្អនេះ លោកមេទ័ពអ៊ូជឺសុី បានណែនាំមេទ័ពស៊ុនអ៊ូ ទៅ​ព្រះ​រាជានគរអ៊ូ ដើម្បីឱ្យតែងតាំងគាត់ជាមេ័ពធំក្នុងការដឹកនាំកងទ័ពទៅច្បាំងនឹងនគរផ្សេងៗ តែសំណើរនេះត្រូវបានស្តេចមិនអើពើ ជាម្តងហើយម្តងទៀត គាត់នៅតែណែនាំដល់ស្តេចរហូតដល់ប្រាំពីរដឹង ទើបស្តេចអត់ទ្រាំមិនបានក៏ព្រមទទួល តែត្រូវសាកល្បងជាមុន​សិន។ ការសាកល្បងនោះ គឺឱ្យលោកមេទ័ពស៊ុនអ៊ូ បង្វឹកពួកទាសីស្រីស្នំក្នុងវាំងទាំងអស់ ធ្វើយ៉ាងណាឱ្យខ្លាំងក្លានិងអាចចេញច្បាំង​សម្លាប់សត្រូវបានដូចមនុស្សប្រុស។ មេទ័ពស៊ុនអ៊ូ ក៏ទទួលបញ្ជានេះភ្លាម។

លោកមេទ័ពស៊ុនអ៊ូ បានពោលថា នៅក្នុងការហ្វឹកហាត់ត្រូវទាមទារឱ្យមានការគោរពវិន័យតឹងរ៉ឹង និងគោរពច្បាប់ទម្លាប់របស់កង​ទ័ព​ផង​​ដែរ អ្នកដែលល្មើស គឺនឹងត្រូវមានទោស។ គាត់បានពោលបន្ថែមទៀតថា “ក្នុងនាមជាមេទ័ពនៅក្នុងសមរភូមិ គឺមានពេលខ្លះមិនអាចគោរពបញ្ជាព្រះរាជឱង្ការគ្រប់យ៉ាងនោះទេ។”

មេទ័ពស៊ុនអ៊ូ បានបែងចែកពួកស្រីស្នំទាំងនោះជា ២កងទ័ព រួចចាត់ចែងឱ្យនាងស្នំឯករបស់ស្តេចនៃនគរអ៊ូទាំង ២នាក់ធ្វើជាមេបញ្ជាការ លើពួកស្រីទាសីនានាទៀត ថែមទាំងប្រគល់ដាវវែងធ្វើជាអារុធម្នាក់មួយទៀតដើម្បីបង្កើនអនុភាពទ័ព។ ពួកស្រីស្នំ និងទាសីទាំងនោះបានរៀបគ្នាជាជួរ ហើយមេទ័ពស៊ុនអ៊ូ បាននិយាយថា តើអ្នកទាំងអស់គ្នាស្គាល់ដើមទ្រូងខ្លួនឯងទេ? ខាងឆ្វេង ខាងស្ដាំ និងមុខក្រោយឬទេ? ពួកគេទាំងនោះបានឆ្លើយតបវិញថា ស្គាល់អស់ហើយ!

ស៊ុនអ៊ូ បានបញ្ជាក់ទៀតថា នៅពេលដែលស្រែកថា “បែរទៅមុខ!” សូមឱ្យអ្នកទាំងអស់គ្នាសម្លឹងទៅមុខ និងដើរតម្រង់ទៅខាងមុខ ពេលខ្ញុំស្រែកថា “ឆ្វេងបែរ!” ចូរអ្នកទាំងអស់គ្នាបែរទៅខាងឆ្វេង។ ពេលខ្ញុំស្រែកឱ្យអ្នកទាំងអស់គ្នាថា “ស្ដាំបែរ!” ចូរអ្នកទាំងអស់គ្នា​បែរទៅខាងស្ដាំវិញម្តង។ ពេលខ្ញុំស្រែកថា “ត្រលប់ក្រោយបែរ!” ចូរងាកទៅខាងក្រោយភ្លាម។

គាត់បានបញ្ជាក់សួរថា តើអ្នកទាំងអស់គ្នាយល់អស់ហើយឬនៅ? ពួកនាងទាំងនោះបានស្រែកព្រមគ្នាថា យល់អស់ហើយ!។ បន្ទាប់ពីការបញ្ជាក់បានបញ្ចប់ មេទ័ពស៊ុនអ៊ូ ក៏បានហៅពេជ្ឈឃាតឈររង់ចាំនៅទីនោះឱ្យរួចជាស្រេច។ គ្រប់បទបញ្ញាត្តិ និងច្បាប់ផ្សេងៗបាន​ប្រាប់ដល់ពួកស្រីស្នំ និងទាសីទាំងនោះអស់រួចរាល់។ ស៊ុនអ៊ូ បានប្រកាសឱ្យគេទូងស្គរដើម្បីហ្វឹកហាត់ និងបានបញ្ជាឱ្យពួកនាង​ថា “ស្តាំ​បែរ​!” ប៉ុន្តែពួកនាងនៅតែសើច ធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់។

ស៊ុនអ៊ូថា “បើកាលណាសេចក្តីបង្គាប់ការមិនទាន់មានលក្ខណៈច្បាស់​លាស់ កាលបើទាហាននៅតែមិនទាន់យល់ច្បាស់ពីបទបញ្ជាទ័ពបែបនេះ គឺចាត់ទុកជាកំហុសរបស់មេទ័ព។” ដូច្នេះ គាត់ក៏បាន​ប្រកាសបញ្ជាជាថ្មីចំនួន ៣ដងទៀត និងអធិប្បាយពន្យល់ណែនាំចំនួន ៥ដង រួចហើយក៏បានទូងស្គរព្រមទាំងស្រែកបញ្ជាឱ្យទៅឆ្វេងវិញម្តង។ ប៉ុន្តែពួកនាងនៅតែសើចក្អាកក្អាយមិនអើពើ និងមិនគោរពតាម​។ ស៊ុនអ៊ូ បានពោលថា “កាលបើសេចក្តីបង្គាប់បញ្ជាមានលក្ខណៈមិនទាន់ច្បាស់លាស់ មិនទាន់ជ្រួតជ្រាបជាទូទៅ នេះចតាត់ទុកថាជាកំហុសរបស់មេទ័ព! ប៉ុន្តែបើសេចក្តីប្រកាសមានភាពច្បាស់លាស់ ការហ្វឹកហាត់បង្រៀនច្បាស់លាស់អស់ហើយ តែនៅតែមិនអាច​អនុវត្តតាមបទបញ្ជាបាន នេះចាត់ទុកថាជាកំហុសរបស់មេកង!”

ចំណែកឯមេកង គឺជាស្នំឯកទាំង២នាក់ របស់ស្តេចអ៊ូ! ស៊ុនអ៊ូស្រែកយ៉ាងម៉ឺងម៉ាត់ថា “មេកងទ័ព ២នាក់ យកទៅកាត់ក្បាលចោល!” ស្តេចអ៊ួ បានភ័យស្លន់ស្លោពេលឮថាត្រូវកាត់ក្បាលស្នំរបស់ខ្លួនទាំងពីរនាក់នេះ។ ក៏បានសូមអង្វរដល់ មេទ័ពស៊ុនអ៊ូ ដើម្បីទុកជីវិតដល់ពួកនាងទាំងពីរ។ ស្តេចមានបន្ទូលថា “យើងព្រមទទួលស្គាល់ថាលោកជាមេទ័ពពិតជាប៉ិនប្រសប់ក្នុងការបញ្ជាកងទ័ពណាស់! តែយើងមិនអាចសោយអាហារឆ្ងាញ់បានទេ បើគ្មានស្នំទាំងពីរនាក់របស់យើង!” បើដូច្នេះ សូមទុកជីវិតឱ្យពួកនាងផង។

ស៊ុនអ៊ូឆ្លើយតបថា “ទូលបង្គំបានទទួលបញ្ជាធ្វើជាមេបញ្ជាការ ដូច្នេះអំណាចអាជ្ញាសឹកនៃការគ្រប់គ្រងមេទ័ព មេកងត្រូវស្ថិតក្នុង​ដៃរបស់ទូលបង្គំ! ពេលកំពុងធ្វើសឹកនៅលើសមរភូមិ មេទ័ពនៅខាងក្រៅពេលខ្លះមិនអាចទទួលរាជបញ្ជានោះទេ។” នៅទីបំផុតទៅ នារី​ជាស្រីស្នំស្ដេច​ក៏ត្រូវប្រហារជីវិតមុខមហាជន។ បន្ទាប់មក មេទ័ពស៊ុនអ៊ូ បានចាត់ឱ្យអ្នកឈរបន្ទាប់ស្នំឯកទាំងនោះឡើង​ធ្វើជាមេកងបន្តដើម្បីហ្វឹកហាត់ជាថ្មី។ លើកនេះ ពួកស្រីៗទាំងស្រាប់តែចេះរៀបចំ និងរៀនចេះដឹងគ្រប់រឿង មិនថាឱ្យងាកទៅខាងណាទេ ពួកនាង​ធ្វើបានយ៉ាងល្អ ទោះបីត្រូវទៅមុខ ទៅក្រោយ ឆ្វេងស្ដាំ ឬលុតក្រាប ក៏ចេះចាំយ៉ាងស្ទាត់ជំនាញ និងគ្មានអ្នកណាហ៊ានលេងសើចពេល​កំពុងហ្វឹកហាត់ទៀតនោះទេ។

ក្រោយពីការហ្វឹកហាត់ចប់ ស៊ុនអ៊ូ បានថ្វាយលិខិតដល់ព្រះមហាក្សត្រអ៊ូថា “ពេលនេះទូលបង្គំបានហ្វឹកហាត់ហ្វឹកហ្វឺននារីទាំងនោះដោយជោគជ័យ​រួចហើយ ទោះបីចង់ឱ្យពួកនាងចេញច្បាំងលើសមរភូមិប្រយុទ្ធ ទោះទីណា ធ្វើកិច្ចការអ្វី ក៏បានតាមចិត្តព្រះអង្គ។”

នៅឆ្នាំ ៥១២ មុនគ.ស. នគរអ៊ូ បានចេញច្បាំងនឹងនគរឈូ ដែលមានមេទ័ព ស៊ុនអ៊ូ ជាមេទ័ពធំ និងមេទ័ពរងជា អ៊ូជឺស៊ី ដឹកនាំទទួលបានជ័យជម្នះទាំងស្រុង។ កងទ័ពរបស់នគរអ៊ូ មានភាពអង់អាចក្លាហាន បានច្បាំងឈ្នះលើសត្រូវរហូតដល់ ៥លើក ជាបន្តបន្ទាប់​លើសមភូមិប្រយុទ្ធ ដែលមានដូចជា តាស៊ាវពាសាន ប៉ជ្វី ឈិងហ្វាស៊ុយ យុងស៊ី និងយកបានជាយក្រុងយិងទូ។

នៅឆ្នាំ ៤៨៤ មុនគ.ស. កងទ័ពរបស់ស៊ុនអ៊ូ បានទទួលជោគជ័យលើទ័ពនគរឈី។ នៅឆ្នាំ ៤៨២ មុនគ.ស. បានកសាងសម្ពទ្ធមិត្ត​ ហូងធី ឡើងសោយរាជ្យជាអធិរាជលើសស្តេចទាំងឡាយ។ ស៊ឺម៉ាសាន បានចងក្រងសៀវភៅប្រវត្តិសាស្ត្រ ស៊ឺជឺ បានពោលថា “ស៊ុនជឺ បានកសាងគុណសម្បត្តិធំធេង ធ្វើឱ្យនគរអ៊ូ មានឥទ្ធិពលគ្របដណ្តប់បើលើនគរឈី និងជិន ហើយក្លាយជាទីកោតខ្លាចនៃបណ្តាប្រទេសផ្សេងៗ។”

ចំពោះស្នាដៃដ៏អស្ចារ្យរបស់ស៊ុនអ៊ូ គឺតម្រាពិជ័យសង្គ្រាម ស៊ុនជឺ ដែលជាគម្ពីរក្បួនសឹកមានតម្លៃជានិរន្ត។ តម្រាពិជ័យសង្រ្គាមមាន ១៣ជំពូក មានតួអក្សរ ៦០០០តួអក្សរជាអក្សរចិន ដែលឆ្លាក់ក្នុងបន្ទះឫស្សី។ ចំណែកឯតម្រាពិជ័យសង្គ្រាមស៊ុនជឺ ដែលបានយកទៅកប់ក្នុងចេតិយរបស់ស្តេចហាន់ នៅលើភ្នំអ៊ិនឈាសាន ត្រូវគេជីករកឃើញនៅឆ្នាំ ១៩៧២ នៅមានប្រការផ្សេងទៀតដល់ទី ៥ជំពូក មានដូចជា អ៊ូវិន (ស្តេចនគរអ៊ូត្រាស់សួរ) ស៊ីពាន ហ្វាងទីហ្វឆឺទី (ចក្រពត្តិលឿងបង្រ្កាបចក្រពត្តិក្រហម) ទីស៊ិងអឺ (អ្វេភូមិលក្ខណ៍) និង ជានអ៊ូហ្វាង (ចូលគាល់ស្តេចនគរអ៊ូ)។

(អត្ថបទដកស្រង់ពីសៀវភៅ តម្រាពិជ័យសង្គ្រាម ស៊ុនជឺ)

 

One thought on “ប្រវត្តិមេទ័ពសរសេរ “តម្រាពិជ័យសង្គ្រាម” ដ៏ល្បីកក្រើកប្រវត្តិសាស្ដ្រចិន (មានចំណុចដែលអាចប្រើប្រាស់ក្នុងការដឹកនាំអាជីវកម្មបាន)

Leave a Reply

Your email address will not be published. Required fields are marked *